ប្រាសាទតាមាន់ធំ ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ។ ប៉ុន្តែថ្មីៗនេះ ប្រាសាទនេះបានក្លាយជាចំណុចក្តៅផ្នែកនយោបាយ និងជម្លោះព្រំដែនឡើងវិញ បន្ទាប់ពីមេបញ្ជាការយោធាថៃបានចេញមកប្រកាសគំរាមបិទការចូលទស្សនាប្រាសាទរយៈពេល ៧ ថ្ងៃ។
យោងតាមសារព័ត៌មាន The Nation Thailand មេបញ្ជាការយោធភូមិភាគទី២ លោក BOOMSIN បានលើកឡើងថា ការសម្រេចបិទប្រាសាទតាមាន់ធំនេះ គឺដើម្បី “ស្តារស្ថានការណ៍ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញ” ប្រសិនបើមានការប្រទូសរ៉ាយគ្នានៅក្នុងតំបន់នោះ។ លោក BOOMSIN បានអះអាងថា មានក្រុមយុវជនកម្ពុជា ឬ “ក្មេងៗស្ទាវ” នាំគ្នាទៅលេងប្រាសាទតាមាន់ធំក្នុងចំនួនច្រើន ដែលបានបង្កឲ្យទាហានថៃ “ភ័យខ្លាច” និងចោទថាកម្ពុជាបានជួលក្មេងទាំងនោះឲ្យទៅបង្កចលាចល។
លោក BOOMSIN បាននិយាយយ៉ាងច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ របស់កម្ពុជាថា៖
> “ខ្ញុំបាននិយាយច្បាស់ជាមួយមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ នៃរបស់កម្ពុជា ថាកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន កុំឲ្យបង្កជម្លោះ ឬបង្កើតការញុះញង់។ បើគ្រប់គ្រងមិនបានទេ នោះខ្ញុំនឹngបិទប្រាសាទហើយ។”
ការលើកឡើងនេះបានបង្កឲ្យមានភាពតានតឹងថ្មីនៅតាមបណ្តោយព្រំដែន ខណៈកម្ពុជាបានអះអាងជាបន្តបន្ទាប់ថា ប្រាសាទតាមាន់ធំ និងតំបន់ជុំវិញនោះ ជាទឹកដីរបស់ខ្លួន ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងផែនទីដែលសៀមបានព្រាំរមព្ងរៀងជាមួយបារាំងនៅឆ្នាំ ១៩០៧។ ប៉ុន្តែថៃបានបន្តជំទាស់ និងអះអាងថាប្រាសាទនេះស្ថិតនៅក្នុងខេត្តសុរិន្ទរបស់ខ្លួន។
ជម្លោះនេះមិនមែនជារឿងថ្មីនោះទេ។ ប្រាសាទតាមាន់ធំ និងប្រាសាទព្រះវិហារដែលនៅចម្ងាយប្រមាណ ១៤០ គីឡូម៉ែត្រពីគ្នា ធ្លាប់ជាចំណុចកណ្តាលនៃជម្លោះរវាងកម្ពុជា និងថៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នៅឆ្នាំ ២០០៨ ការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO បានបង្កឲ្យមានភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធជាច្រើនលើក ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ក្នុងឆ្នាំ ២០១៣ តុលាការអន្តរជាតិ (ICJ) បានសម្រេចថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់កម្ពុជា ប៉ុន្តែជម្លោះជុំវិញតំបន់នៅក្បែរនោះនៅតែបន្ត។
ការគំរាមបិទប្រាសាទតាមាន់ធំនេះ បានបង្កឲ្យមានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅតាមព្រំដែន។ កម្ពុជាបានបដិសេធការចោទប្រកាន់ថាខ្លួនជួលក្មេងៗឲ្យទៅបង្កចលាចល ដោយអះអាងថា ការទៅទស្សនាប្រាសាទរបស់ប្រជាជនខ្មែរគឺជាសិទ្ធិស្របច្បាប់ នៅលើទឹកដីរបស់ខ្លួន។ នៅខែឧសភា ឆ្នាំ ២០២៥ មេបញ្ជាការយោធានៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា និងឯកភាពគ្នាក្នុងការកាត់បន្ថយចំនួនទាហាននៅជិតប្រាសាទ ដើម្បីជៀសវាងការប៉ះទង្គិចបន្ថែមទៀត។ ប៉ុន្តែការគំរាមបិទប្រាសាទនេះបង្ហាញថា ភាពតានតឹងនៅតែមាន។
ជាការពិត ប្រាសាទតាមាន់ធំមិនត្រឹមតែជាសម្បត្តិវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃមោទនភាពជាតិខ្មែរផងដែរ។ ការប៉ុនប៉ងណាមួយដើម្បីរារាំងការចូលទស្សនារបស់ប្រជាជនខ្មែរ អាចនឹងបង្កឲ្យមានប្រតិកម្មខ្លាំងក្លាពីសំណាក់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។ ដើម្បីជៀសវាងជម្លោះបន្ថែម ភាគីទាំងពីរគួរតែបន្តកិច្ចចរចាដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។