បាងកក៖ សមាជិកព្រឹទ្ធសភាថៃ និងជាអ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ លោកស្រី Anghana Neelapaijit បានបង្ហាញក្តីបារម្ភជាសាធារណៈ បន្ទាប់ពីលោកស្រី និងក្រុមគ្រួសាររបស់លោកស្រី រួមទាំងឪពុកវ័យជាង ១០០ ឆ្នាំ បានរងការជេរប្រមាថ និងការគម្រាមកំហែងដល់អាយុជីវិត។ ការគម្រាមនេះកើតឡើងតាមរយៈសារនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បន្ទាប់ពីលោកស្រីបានរិះគន់ករណីប្រើមេក្រូរំខានអ្នកភូមិខ្មែរនៅតាមតំបន់ជាប់ព្រំដែន។លោកស្រី Anghana បានលើកឡើងថា ការប្រើប្រាស់មេក្រូដើម្បីរំខានប្រជាជនខ្មែរនៅតាមព្រំដែនមិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងជាការរំលោភបំពានគោលការណ៍អន្តរជាតិទៀតផង។ជាមួយគ្នានេះ លោក Fuadi Pitsuwan អតីតទីប្រឹក្សាកិច្ចការបរទេសរបស់បក្សឈានទៅមុខ (Forward Party) ដែលត្រូវបានរំសាយ បានគាំទ្រទស្សនៈរបស់លោកស្រី Anghana។ លោកបានព្រមានថា ប្រសិនបើរឿងរ៉ាវនេះត្រូវបានកាសែតបរទេសផ្សាយជាសាធារណៈ វានឹងធ្វើឱ្យប្រទេសថៃអាប់ឱនកិត្តិយសនៅលើឆាកអន្តរជាតិ។ លោក Fuadi បានសង្កត់ធ្ងន់ថា ទង្វើបែបនេះជាការរំលោភបំពានគោលការណ៍អន្តរជាតិ ដោយសារវាប៉ះពាល់ដល់ប្រជាជនស៊ីវិលដោយមិនរើសមុខ។ហេតុការណ៍នេះបានជំរុញឱ្យមានការពិភាក្សាយ៉ាងផុសផុលនៅក្នុងសង្គមថៃ ជាពិសេសទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសជិតខាង និងការគោរពសិទ្ធិមនុស្ស។
0 $type={blogger}:
Post a Comment