នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា រដ្ឋប៉ាឡេស្ទីន «នឹងមិនត្រូវបានបង្កើតឡើយ» ទោះបីប្រទេសមួយចំនួនកំពុងរៀបចំទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅមហាសន្និបាតអង្គការសហប្រជាជាតិចុងខែនេះក៏ដោយ។ ការថ្លែងនេះធ្វើឡើងនៅក្នុងពិធីបង្ហាញគម្រោងពង្រីកការតាំងទីលំនៅនៅទីក្រុង Ma’ale Adumim ក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ទីក្រុង Ma’ale Adumim ដែលស្ថិតនៅចម្ងាយ ៧ ម៉ាយខាងកើតទីក្រុងហ្សេរុយសាឡឹម នឹងពង្រីកប្រជាជនទ្វេដង ពីប្រហែល ៤០,០០០ នាក់ ទៅ ៧០,០០០ នាក់ ក្នុងរយៈពេល ៥ ឆ្នាំ។ លោកបន្តថា «យើងបាននិយាយថានឹងមិនមានរដ្ឋប៉ាឡេស្ទីនទេ… កន្លែងនេះជារបស់យើង យើងនឹងថែរក្សាមរតក ទឹកដី និងសន្តិសុខរបស់យើង»។ការប្រកាសនេះធ្វើឡើងស្របពេលប្រទេសបារាំង កាណាដា និងចក្រភពអង់គ្លេស បានបង្ហាញផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ។ អ៊ីស្រាអែលបានថ្កោលទោសចំណាត់ការនេះ ដោយក្រសួងការបរទេសអ៊ីស្រាអែលអះអាងថា វាប្រៀបដូចជា «ការផ្តល់រង្វាន់ដល់ក្រុមហាម៉ាស» និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។គម្រោងពង្រីកការតាំងទីលំនៅនៅ Ma’ale Adumim ដែលរួមមានការសាងសង់លំនៅដ្ឋានថ្មីជាង ៧,០០០ ខ្នង ក៏បានរងការរិះគន់ពីអង្គការសហប្រជាជាតិ ដោយចាត់ទុកថាជាការរំលោភលើច្បាប់អន្តរជាតិ។ប្រភព៖ ABC, Al Jazeera



0 $type={blogger}:
Post a Comment