នៅថ្ងៃនេះ លោកស្រី Anitta Hipper អ្នកនាំពាក្យសហភាពអឺរ៉ុប (EU) ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានចេញសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ ដោយអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ បន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងលើកកម្ពស់សន្តិភាពក្នុងតំបន់។លោកស្រី Hipper បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។ «សហភាពអឺរ៉ុបអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងថៃ ដើម្បីធានាថាកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ យើងជឿជាក់ថា ការគោរពច្បាប់អន្តរជាតិ និងការជៀសវាងសកម្មភាពបង្កហេតុ គឺជាគន្លឹះដើម្បីរក្សាស្ថិរភាពក្នុងតំបន់» នេះជាប្រសាសន៍របស់លោកស្រី។សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុបចំពោះប្រទេសម៉ាឡេស៊ី ដែលកំពុងដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ (
@MYasean2025
)។ លោកស្រី Hipper បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ «យើងមានជំនឿលើតួនាទីដ៏សំខាន់របស់អាស៊ាន ជាពិសេសក្រោមការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងសហប្រតិបត្តិការដើម្បីសន្តិភាព»។