កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅជោគជ័យនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង និងរក្សាសន្តិភាពតាមបណ្តោយព្រំដែន។គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាន RBC ខណៈភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន RBC ។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១១៖០០ ព្រឹក និងបញ្ចប់នៅម៉ោង ១១៖៥៣ ព្រឹក ដោយទទួលបានលទ្ធផលជាផ្លែផ្កា។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ តំបន់យោធា និងអង្គភាពនានាតាមបណ្តោយព្រំដែន។ ការប្តេជ្ញាចិត្តនេះមានគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា ដើម្បីធានាស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងជាប្រចាំ ប្រទេសទាំងពីរបានទទួលស្គាល់វឌ្ឍនភាពជាវិជ្ជមានដែលសម្រេចបានកន្លងមក និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឈានទៅរកស្ថានភាពប្រក្រតីភាពឡើងវិញ។