នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជោគជ័យក្នុងការបំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយ ដែលបានកើតឡើងនៅសួនច្បារមុខសាលាក្រុងកោះពេជ្រ។ ករណីនេះបានបណ្តាលឱ្យស្ត្រីជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិត ហើយជនសង្ស័យជាស្ត្រីជនជាតិកុងហ្គោត្រូវបានចាប់ខ្លួន។អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងខណ្ឌដូនពេញ។ ការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បាននាំឱ្យកម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកុងហ្គោ កាន់លិខិតឆ្លងដែនលេខ OP1538331។ ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦:៣០ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅហាងសាឡនយីហោ ZOLA ផ្ទះលេខ 105H ផ្លូវលេខ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ជនរងគ្រោះ (សព) ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 133549889 ស្នាក់នៅផ្ទះជួលក្នុងខណ្ឌជ្រោយចង្វារ។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣:៤០ នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមការស៊ើបអង្កេត ជនសង្ស័យបានប្រើកូនកាំបិតចាក់ និងអារកសម្លាប់ជនរងគ្រោះ ដែលមូលហេតុត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីស្នេហាត្រីកោណ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។