អង្គភាពប្រឆាំងអំពើពុករលួយ (ACT) ដឹកនាំដោយលោក ម៉ាណា និម្មិតមង្គល បានរិះគន់រដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ថាខ្វះការប្តេជ្ញាចិត្ត និងយន្តការច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកបានលើកឡើងនៅថ្ងៃទី១៣ សីហា ២០២៥ ថា គោលនយោបាយរបស់រដ្ឋាភិបាល ដូចជាគម្រោងកាស៊ីណូ ប្រាក់ឌីជីថល ១០,០០០បាត និងផែនការសេដ្ឋកិច្ច ១៥៧ពាន់លានបាត ត្រូវបានមើលឃើញថាជា “ល្បែងនយោបាយ” ដែលធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្ត។
លោក ម៉ាណា បានចោទថា យន្តការប្រឆាំងអំពើពុករលួយចុះខ្សោយ ដោយរដ្ឋបានបិទអង្គភាពសំខាន់ៗ និងខ្វះការស៊ើបអង្កេតប្រកបដោយតម្លាភាព។ ឧទាហរណ៍ ករណីអគារការិយាល័យសវនកម្មរដ្ឋរលំ និងបញ្ហាក្លែងបន្លំទឹកដោះគោសាលា ឬសូកប៉ាន់តាមផ្លូវហាយវេ។
ការរិះគន់នេះបន្ថែមសម្ពាធដល់លោកស្រី ផែថងថាន ដែលត្រូវប្រឈមនឹងការផ្តល់សក្ខីកម្មនៅតុលាការនៅថ្ងៃទី២១ សីហា ជុំវិញការបែកធ្លាយសន្ទនាជាមួយសម្តេច ហ៊ុន សែន។ តុលាការធម្មនុញ្ញថៃនឹងប្រកាសសាលក្រមនៅថ្ងៃទី២៩ សីហា ថាតើលោកស្រីនឹងត្រូវដកចេញពីតំណែងឬអត់។
ប្រភព៖ Bangkok Post