ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សុីម៉ាក់រកឃើញរណ្តៅគ្រាប់បែក MK-84 ទម្លាក់ដោយទាហានថៃនៅ១៣ទីតាំងក្នុងខែកក្កដា ២០២៥




នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពសុីម៉ាក់ (CMAC) បានប្រកាសពីការរកឃើញរណ្តៅគ្រាប់បែកផ្ទុះ MK-84 ចំនួន៤ទីតាំង និងគ្រាប់បែកមិនទាន់ផ្ទុះចំនួន៥ទីតាំង ដែលកប់នៅក្នុងដី នៅតំបន់ផ្សេងៗ។ លើសពីនេះ នៅថ្ងៃដដែលនេះ សុីម៉ាក់ក៏បានរកឃើញរណ្តៅគ្រាប់បែក MK-84 បន្ថែមចំនួន៩ទីតាំងទៀត ដែលត្រូវបានទម្លាក់ដោយយន្តហោះរបស់កងទ័ពអាកាសថៃ ក្នុងអំឡុងសង្គ្រាមរយៈពេល៥ថ្ងៃ ចន្លោះថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។




លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានបញ្ជាក់ថា គ្រាប់បែក MK-84 និងរណ្តៅគ្រាប់បែកទាំងនេះ គឺជាគ្រាប់បែកថ្មីដែលទម្លាក់ដោយកងទ័ពអាកាសថៃ មិនមែនជាសំណល់គ្រាប់បែកពីសម័យសង្គ្រាមឥណ្ឌូចិនឡើយ។ លោកបានលើកឡើងថា ទិន្នន័យច្បាស់លាស់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា គ្មានការទម្លាក់គ្រាប់បែកនៅតំបន់ទាំងនេះក្នុងសម័យសង្គ្រាមឥណ្ឌូចិនទេ។ លើសពីនេះ គ្រាប់បែកត្រកូល MK-84 នេះមានកំណត់សម្គាល់ និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យនៃការទម្លាក់គ្រាប់ដោយយន្តហោះ F-16 ដែលអាចផ្ទុកគ្រាប់បែក MK-84 ចំនួន៤គ្រាប់ក្នុងមួយជើងហោះហើរតែម្តង។



ទាក់ទងនឹងការអះអាងរបស់ភាគីថៃ ដែលថាគ្រាប់បែក MK-84 ទាំងនេះជាគ្រាប់បែកចាស់ លោក ហេង រតនា បានបដិសេធដោយបញ្ជាក់ថា គ្រាប់បែកចាស់ដែលមានអាយុកាលជាង៥០ឆ្នាំ នឹងមានសភាពរបកខូចខាត និងស៊ីដែកជ្រៅៗ ប៉ុន្តែគ្រាប់បែក និងរណ្តៅគ្រាប់បែកទាំងនេះនៅស្ថិតក្នុងសភាពថ្មី។ លោកបានបន្ថែមថា រណ្តៅគ្រាប់បែកផ្ទុះ និងគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ គឺជាភស្តុតាងជាក់ស្តែង។ លោកបានអញ្ជើញអ្នកសង្ស័យ ឬអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះ ឱ្យចូលរួមទស្សនា និងវាយតម្លៃដោយផ្ទាល់នៅទីតាំងទាំងនេះ។

 អង្គភាពសុីម៉ាក់នឹងបន្តការស៊ើបអង្កេត និងការដោះស្រាយគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជន និងសហគមន៍ក្នុងតំបន់។

សុីម៉ាក់ស្នើឱ្យសហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាសំណល់គ្រាប់បែកនេះឱ្យបានឆាប់រហ័ស ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពក្នុងតំបន់។



About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment