នៅថ្ងៃទី ១៨ មិថុនា ២០២៥នេះ បេះដូងជាតិខ្មែរបានលោតកញ្ជ្រោលជាមួយនឹងភាពសាមគ្គី និងមោទនភាពជាតិ! បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់វ័យ បានរួមគ្នាចូលរួមក្នុងដំណើរថ្មើរជើងសាមគ្គី “Solidarity March” ដើម្បីបង្ហាញនូវការគាំទ្រយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ដែលកំពុងត្រៀមខ្លួនការពារប្រទេសជាតិពីការគម្រាមឈ្លានពានរបស់ប្រទេសថៃ។
ឈាមជ័រជាខ្មែរ មហាគ្រួសារខ្មែរ ដួងព្រលឹងជាតិខ្មែរ
នេះមិនមែនជាគ្រាន់តែជាព្រឹត្តិការណ៍មួយនោះទេ ប៉ុន្តែជាការបង្ហាញនូវទឹកចិត្ត ឆន្ទៈ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិខ្មែរ។ ប្រជាជនខ្មែរបានបង្ហាញនូវការយល់ដឹងច្បាស់អំពីស្ថានភាពជាតិ និងការគាំទ្រគ្មានលក្ខខណ្ឌចំពោះកងកម្លាំងជួរមុខ ដែលកំពុងតែលះបង់អស់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងឯករាជ្យជាតិ។
ក្នុងថ្ងៃដ៏មានអត្ថន័យនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពជួរមុខទាំងអស់ ដែលបានស្ថិតនៅទីកន្លែងពិបាក ប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនខ្មែរនៅទូទាំងប្រទេសអាចរស់នៅក្នុងសន្តិភាព និងភាពរីកចម្រើន។ ការលះបង់របស់ពួកគេគឺជាគុណបំណាច់ដែលយើងមិនអាចបំភ្លេចបាន។
ដំណើរថ្មើរជើងសាមគ្គីនេះ បានបង្ហាញឱ្យឃើញនូវភាពរឹងមាំនៃស្មារតីខ្មែរ។ យើងជាមហាគ្រួសារខ្មែរតែមួយ ដែលមានឈាមជ័រជាខ្មែរ និងដួងព្រលឹងជាតិខ្មែរដ៏អស្ចារ្យ។ តាមរយៈការចូលរួមរបស់បងប្អូនគ្រប់ៗគ្នា យើងបានបញ្ជាក់ថា សន្តិភាព និងឯករាជ្យជាតិគឺជាគុណតម្លៃដែលយើងនឹងការពារជាដាច់ខាត។