ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយថ្ងៃនេះ!

សូមចុច

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម

 

 

 
នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Bridgette L. Walker
ភារធារីស្តីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និងសហការីសាជាថ្មីនាពេលនេះ ហើយសម្ដេចត្រៀមជជែកជាមួយលោកជំទាវទាក់ទងនឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយស្ដីពីបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។
លោកជំទាវ Bridgette L. Walker បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវនិងសហការីបានជួបសម្ដែងការគួរសម នឹងបានពិភាក្សាការងារនាថ្ងៃនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក។ លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពល្អប្រសើរ ហើយពេលនេះស្ថានទូតអាមេរិកកំពុងតែប្រារព្ធការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកជំទាវ ក៏សម្តែងការអបអរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ផងដែរ។
សម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវទាក់ទងទៅនឹងរឿងរ៉ាវនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងស្ថានភាពវិវត្តន៍ចុងក្រោយនៃបញ្ហានេះ ក្រោយពីមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា។ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងដោយចំៗ ចំពោះលោកជំទាវភារធារីស្តីទីថា បទឈប់បាញ់ដែលកម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃ២៨កក្កដាកន្លងទៅនេះ គឺមិនអាចកើតមានបានឡើយប្រសិនបើមិនមានគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ក្នុងការចូលរួមចំណែកជួយដោះស្រាយឱ្យទាន់ពេលវេលានោះទេ។
សម្ដេចតេជោ បានអរគុណយ៉ាងខ្លាំងចំពោះការចាត់វិធានការទាន់ពេលវេលារបស់រដ្ឋបាលឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សម្ដេចបានបញ្ជាក់ថា បទឈប់បាញ់តាមរយៈការចូលរួមចំណែកពីឯកឧត្តម ដូណាល់ត្រាំ គឺបានជួយដល់ប្រទេសទាំងសងខាង ជាពិសេសកុំឱ្យមានទាហាន និងប្រជាពលរដ្ឋស្លាប់ក្នុងការផ្ទុះអាវុធបន្តទៀត។ យ៉ាងណាសម្ដេចតេជោ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះស្ថានការណ៍ចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសជាបន្តបន្ទាប់ ដែលចំណុចនេះសម្ដេចចង់ឱ្យសហរដ្ឋអាមេរិកតាមដានយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើង ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពបទឈប់បាញ់ឲ្យបានពេញលេញ។
សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់គ្រប់បែបយ៉ាង ដើម្បីធានាការគោរពបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា ហើយជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពព្រំដែនកម្ពុជា ថៃ ត្រឡប់មករកភាពប្រក្រតីឡើងវិញ។ សម្ដេចបន្តថា កម្ពុជាបានអ្នកសង្កេតការណ៍ជាក់លាក់ដើម្បីធានានូវការអនុវត្តនូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព។
លោកជំទាវ Bridgette L. Walker បានអរគុណសម្ដេចតេជោដែលបានពន្យល់យ៉ាងក្បោះក្បាយជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ លោកជំទាវបានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការវិវត្តន៍ ដូចជាបញ្ហាប្រឈមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ហើយជាជំហររបស់សហរដ្ឋអាមេរិក គឺចង់ឃើញនូវការវិវត្តន៍ព្រំដែន កម្ពុជា-ថៃ វិលទៅរកភាពប្រក្រតីឡើងវិញ ពោលគឺសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពកើតមានឡើងសម្រាប់ប្រទេសទាំងពីរ។ លោកជំទាវបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់ឲ្យភាគីទាំងពីរអនុវត្ត ក៏ដូចជាការបង្កើតឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅពេលកន្លងទៅ ហើយអាមេរិកនឹងខិតខំជំរុញឲ្យមានអ្នកសង្កេតការណ៍អាស៊ាន ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនោះ។ ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោក៏បានអរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជាជំនួយមនុស្សធម៌ដល់ជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ។
នៅក្នុងឱកាសនោះលោកជំទាវភារធារី ក៏លើកឡើងពីបញ្ហាអន្តោប្រវេសន៍កម្ពុជានៅសហរដ្ឋអាមេរិក ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ ដោយលោកជំទាវបានស្នើដល់សម្ដេចតេជោសុំការគាំទ្រ និងសម្របសម្រួលពាក់ព័ន្ធទៅនឹងបញ្ហានេះ។ ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងខិតខំប្រឹងប្រែងប្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ចំពោះការទទួលយកនូវជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ សម្ដេចតេជោបានបញ្ជាក់ថា បញ្ហានេះមិនមែនជាបញ្ហាថ្មីនោះទេ វាជាបញ្ហាចាស់តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមកម្លេះហើយទោះបីជាក្នុងកាលៈទេសៈណាក៏ដោយពួកគាត់ជាជនជាតិខ្មែរ នៅពេលដែលសហរដ្ឋអាមេរិកបញ្ជូនមកវិញ គឺយើងត្រូវតែយកចិត្តទុកដាក់ និងទទួលឲ្យពួកគាត់មករស់នៅប្រទេសកម្ពុជាវិញ៕





 

About SangKheb

My Name Sitha Sam

0 $type={blogger}:

Post a Comment