អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតរបស់កម្ពុជា ដែលត្រូវបានរចនាឡើងដើម្បីក្លាយជាច្រកទ្វារអាកាសចរណ៍ថ្មី និងទំនើបបំផុតសម្រាប់ប្រទេស។ គម្រោងនេះមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់អន្តរជាតិ ដោយផ្តល់នូវសេវាកម្មលំដាប់អន្តរជាតិ និងសមត្ថភាពខ្ពស់ក្នុងការទទួលភ្ញៀវទេសចរណ៍ និងទំនិញ។ អាកាសយានដ្ឋាននេះនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលនឹងសម្គាល់ការឈានចូលសករាជថ្មីនៃវិស័យអាកាសចរណ៍កម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងវិនិយោគដ៏ធំសម្បើម ដែលមានទុនសរុបប្រមាណ ១,៥០០ លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី១។ គម្រោងនេះជាការវិនិយោគរួមគ្នារវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) តាមរយៈក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។ គិតត្រឹមខែមករា ឆ្នាំ២៥២៥ ការចំណាយសម្រាប់ការសាងសង់បានឈានដល់ប្រមាណ ១,៤០០ លានដុល្លារ ដែលរាប់បញ្ចូលការងារសាងសង់សំណង់ធំៗ និងការដោះស្រាយផលប៉ះពាល់ផ្សេងៗ។ ការចំណាយនេះគ្របដណ្តប់លើការសាងសង់ស្ថានីយអ្នកដំណើរ ផ្លូវរត់យន្តហោះ ទីលានចត មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ ទោះបីជាប្រឈមនឹងបញ្ហាដូចជាវិបត្តិកូវីដ-១៩ក៏ដោយ ការសាងសង់នៅតែបន្តដំណើរការយ៉ាងសកម្ម។ គិតត្រឹមខែមករា ឆ្នាំ២០២៥ គម្រោងនេះបានសម្រេចការសាងសង់បាន ៩៤% នៃការងារសរុបសម្រាប់ដំណាក់កាលទី១ ដោយការងារនៅសល់ប្រមាណ ៦% ជាការងារបច្ចេកទេស ការសម្អាត និងការរៀបចំបរិស្ថាន។ ការសាងសង់ដំណាក់កាលទី១ បានបញ្ចប់ ១០០% នៅខែកក្កដា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យអាកាសយានដ្ឋានត្រៀមបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។គម្រោងនេះមានផែនការអភិវឌ្ឍចំនួន ៣ ដំណាក់កាល៖
- ដំណាក់កាលទី១ (បញ្ចប់ឆ្នាំ២០២៥)៖ អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។
- ដំណាក់កាលទី២ (គ្រោងបញ្ចប់ឆ្នាំ២០៣០)៖ អាចទទួលអ្នកដំណើរបាន ៣៦ លាននាក់ក្នុងមួយឆ្នាំ។
- ដំណាក់កាលទី៣ (គ្រោងបញ្ចប់ឆ្នាំ២០៥៦)៖ អាចទទួលអ្នកដំណើរបាន ៥០ លាននាក់ក្នុងមួយឆ្នាំ។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះមានចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ សមាសធាតុសំខាន់ៗរួមមាន៖
- ផ្លូវរត់៖ ប្រវែង ៤ គីឡូម៉ែត្រ សម្រាប់ទទួលយន្តហោះខ្នាតធំ។
- ស្ថានីយអ្នកដំណើរ៖ រួមមានអាគារកណ្តាល និងអាគារផៃយន្តហោះខាងជើង។
- ទីលានចតយន្តហោះ៖ អាចផ្ទុកយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800។
- ផ្លូវតភ្ជាប់៖ ផ្លូវទទឹង ៦៦ ម៉ែត្រ ប្រវែង ១៣.៥ គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសម្តេច ឆ្ពោះទៅអាកាសយានដ្ឋាន។
អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានចាត់ថ្នាក់ជា លំដាប់ 4F ដែលជាប្រភេទអាកាសយានដ្ឋានធំបំផុតតាមស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យទទួលយន្តហោះខ្នាតយក្ស ដូចជា Airbus A380-800 និង Boeing 747-800។ លក្ខណៈទំនើបនេះអនុញ្ញាតឱ្យអាកាសយានដ្ឋានទទួលជើងហោះហើរឆ្លងទ្វីបពីប្រទេសឆ្ងាយៗ ដែលជួយពង្រីកបណ្តាញអាកាសចរណ៍របស់កម្ពុជា។ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ថាជា សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយ ក្នុងចំណោមសំណង់ល្អបំផុតលើពិភពលោក ដោយសារការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។អាកាសយានដ្ឋាននេះត្រូវបានរចនាដើម្បីឆ្លើយតបនឹងស្តង់ដារអន្តរជាតិខាងសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់ក្នុងតំបន់។ វាក៏ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ដោយគេរំពឹងថាចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៧.២ ទៅ ៧.៥ លាននាក់ នៅឆ្នាំ២០២៥។







0 $type={blogger}:
Post a Comment