កម្ពុជា និងចិន ត្រូវបានចាត់ទុកជាមិត្តគួរឱ្យទុកចិត្តបំផុត និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា
ទទួលផ្សព្វផ្សាយ
ភ្នំពេញ - ថ្ងៃព្រហស្បតិ៍ ១១ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។ ការជំនួបនេះមានគោលបំណងសម្តែងការគួរសម និងពិភាក្សាលើការងារសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ក្នុងឱកាសនៃការជំនួបដ៏សំខាន់នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ឯកឧត្តមបានបញ្ជាក់ថា ការព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងជំរុញឱ្យមានស្ថិរភាពនៅតាមព្រំដែន។ ផ្នែកខាងភាគីមិត្តចិន ឯកឧត្តម នាយឧត្តមនាវី តុង ជីន បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ដោយយ៉ាងម៉ឺងម៉ាត់ និងជំរុញការសន្ទនាគ្នាទ្វេភាគីបន្ថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តគ្នា និងស្តារសន្តិភាពឡើងវិញ។ការជំនួបនេះក៏បានបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលចិនត្រូវបានចាត់ទុកជាមិត្តគួរឱ្យទុកចិត្តបំផុត និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់ថា កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។ ជាពិសេស ការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា នឹងត្រូវពង្រីកបន្ថែមទៀត ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ការពិភាក្សានេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍។ គណប្រតិភូកម្ពុជាបានចាកចេញពីការជំនួបដោយការសន្យាលើការអនុវត្តជាក់ស្តែងនៅខែខាងមុខ ដែលនឹងជួយពង្រឹងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំ។
No comments:
Post a Comment